ឯកឧត្តម វង សូត បង្ហាញពីសមិទ្ធផលដែលរដ្ឋសភានីតិកាលទី៧ សម្រេចបាន ចំពោះមុខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ និងនិវត្តជន ដើម្បីពង្រឹងកិច្ចសហការ និងសួរសុខទុក្ខមន្ត្រីមូលដ្ឋាន ក្នុងស្រុកអូររាំងឪ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត រួមនឹងប្រតិភូថ្នាក់ជាតិជាច្រើនរូប។

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល ដែលរដ្ឋសភានីតិកាលទី៧ សម្រេចបាន ជាពិសេសការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាឆ្ពោះទៅកាន់ “សភាឌីជីថល” ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋសភា នីតិកាលទី៧ បានអនុម័តច្បាប់សំខាន់ៗជាច្រើន ដើម្បីពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិ។ ហើយថ្មីៗនេះ រដ្ឋសភាបានអនុម័ត “ច្បាប់ស្តីពីកាតព្វកិច្ចយោធា” ដើម្បីពង្រឹងខឿនការពារជាតិ និងសមត្ថភាពរបស់យុវជន ក្នុងការចូលរួមការពារជាតិមាតុភូមិ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា ច្បាប់នេះ មិនមែនជារឿងដោយឡែករបស់កម្ពុជាទេ ដោយប្រទេសជាច្រើននៅលើសកលលោក បានរៀបចំច្បាប់កាតព្វកិច្ចយោធានេះឡើង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ ដូចនេះ ឯកឧត្តម បានជំរុញឱ្យយុវជនគ្រប់រូប ត្រូវមានមោទនភាព ក្នុងការចូលរួមបំពេញកាតព្វកិច្ច ដើម្បីបុព្វហេតុការពារជាតិមាតុភាពដ៏រឹងមាំ។ ឯកឧត្តម ក៏បានជំរុញឱ្យរាជរដ្ឋាភិបាល អនុវត្តច្បាប់នេះ ឱ្យបានពេញលេញ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ក្នុងឱកាស “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នេះ ឯកឧត្តម បានលើកឡើងថា ទិវានេះ ជាគឺការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋសភា បានអនុម័តច្បាប់ស្តីពី "ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ" ដែលច្បាប់នេះ មានគោលបំណងផ្តន្ទាទោស ដល់បុគ្គលទាំងឡាយណា ដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបនេះ ពិសេសក៏ជាការដាស់ស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យចងចាំនូវរបបដ៏ឃោរឃៅមួយនេះ ព្រមទាំងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនេះ វិលត្រឡប់មកកម្ពុជាវិញ។

ឯកឧត្តម វង សូត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុកអូររាំងឪ ដែលបានរួមសហការគ្នា អភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបានបង្ហាញការយកចិត្តទុកដាក់ និងដឹងគុណ ចំពោះអតីតនិវត្តជន ជាក្រុមប្រឹក្សាឃុំ-ស្រុក ដែលជាធនធានប្រកបដោយបទពិសោធន៍ដ៏មានតម្លៃ សម្រាប់សង្គមជាតិ។ ឯកឧត្តម បានណែនាំដល់ក្រុមប្រឹក្សាស្រុក-ឃុំ ទាំងអស់ សូមបន្តពិនិត្យ និងវាយតម្លៃ ចំពោះគោលនយោបាយអភិវឌ្ឍឃុំ សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៧ របស់ខ្លួន ដើម្បីឈានទៅរៀបចំគោលនយោបាយអភិវឌ្ឍឃុំអាណត្តិឆ្នាំ ២០២៧-២០៣២ ជាបន្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យក ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៧។ ក្នុងន័យនេះ ឯកឧត្តម បន្តថាគណបក្សខេត្តត្បូងឃ្មុំ ត្រូវរៀបចំរចនាសម្ព័ន្ធ ព្រមទាំងពង្រឹងក្រុមការងារចុះមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

ជាទីបញ្ចប់ ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភថវិកា លើកទឹកចិត្តដល់សមាជិក-សមាជិកា ដែលបានចូលរួមក្នុងអង្គពិធីសំណេះសំណាល ប្រមាណ ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ៕




 

Powered by Blogger.