សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មិនា ខួបលើកទី ១១៥ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅបន្តឆ្នាំ ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលមានប្រសាសន៍ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធិនោះ លោកជំទាវ ហ៊ុន ចាន់ធី មៅ ធនិន ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអនុវត្តតាមលក្ខន្តិកៈរបស់សមាគម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់សាខាសមាគម ដោយសម្រេចបានបាននូវលទ្ធផលគួរជាទីមោទនៈ ដោយបានចូលរួមដោះស្រាយបាននូវបញ្ហាបានជាច្រើន ជាពិសេស ពាក់ព័ន្ធជាមួយនឹងស្ត្រី និងការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដើម ។ល។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តិទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ អំណាច និងបង្កើ់នភាពអង់អាចដល់ស្ត្រី រីឯរាល់កិច្ចអភិវឌ្ឍន៍លើកគ្រប់វិស័យនៅទូទាំងខេត្ត គឺមិនអាចខ្វះបាននូវការចូលរួមចំណែកពីស្ត្រីនៅគ្រប់ជាន់ថ្នាក់។ បច្ចុប្បន្ននេះ ខេត្តកំពត មាន ៖ ស្ត្រីជាក្រុមប្រឹក្សាខេត្ត ០៤រូប អភិបាលស្រុក ក្រុង ០២រូប មេឃុំ ៧រូប ក្រុមប្រឹក្សាឃុំសង្កាត់ ៥៦១រូប (មានស្ត្រី ១១១រូប)។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរចំពោះ លោកជំទាវ ហ៊ុន ចាន់ធី មៅ ធនិន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តឱ្យបាននូវទិសដៅ ភារកិច្ច ដោយឈរលើ សាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។ ពិសេស ទទួលបានការគាំទ្រពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានជម្រុញលើកទឹកចិត្ត។
នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម៕