ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍ណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែក ដើម្បីធ្វើបច្ចុប្បន្នភាពដំណឹង ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន


 តាមរយៈលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា តាមរយៈការដឹកនាំកិច្ចប្រជុំជាមួយបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់របស់ក្រសួង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំទៅកាន់អង្គភាពចំណុះក្រសួងមហាផ្ទៃ រួមទាំងនាយកដ្ឋាន និងការិយាល័យក្រោមបង្គាប់ បង្កើតទំព័រហ្វេសប៊ុក ដើម្បីត្រៀមលក្ខណៈទទួលឆ្លើយតប ធ្វើបច្ចុប្បន្នភាពដំណឹង និងផ្ដល់ព័ត៌មានឱ្យបានសកម្ម ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន។


រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលក៏ដូចគ្នាដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំបង្កើតឡើង ជាមួយគ្នានឹងការជំរុញ ឱ្យមន្រ្តីទទួលបន្ទុក មានភាពសកម្មទទួល ឆ្លើយតប និងផ្សព្វផ្សាយឱ្យបានលឿនជូនសាធារណជន។ ការរៀបចំយ៉ាងដូច្នេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ និងងាយស្រួលតាមដាន ជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលអ្នកពាក់ព័ន្ធ ឬសាធារណជន ពេលកើតមានរឿងហេតុណាមួយ ក្នុងសង្គម៕

Powered by Blogger.