អភិបាលខេត្តតាកែវ ជំរុញអាជ្ញាធរក្រុងដូនកែវ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ «លឿន រហ័ស និងតម្លាភាព»
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជំរុញអាជ្ញាធរក្រុងដូនកែវ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព ព្រមទាំពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងដូនកែវថ្មី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក ឌឹម គឹមសាន្ត អភិបាលក្រុងដែលទើបតែងតាំងថ្មី ឱ្យខិតខំដុសខាត់សម្រស់ក្រុងដូនកែវ ឱ្យកាន់តែលេចធ្លោថែមទៀត។
ការពង្រឹងសោភ័ណភាព និងសេដ្ឋកិច្ច ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារក្រុងដូនកែវ គឺជា «បេះដូង» នៃខេត្ត អាជ្ញាធរក្រុង ត្រូវតែបង្កើនសន្ទុះការងារឱ្យខ្លាំងជាងមុន ដើម្បីសម្រេចបាននូវគោលដៅធំៗ រួមមាន៖ បង្កើតបរិស្ថានរស់នៅដែលស្អាត មានផាសុកភាព និងទំនើប។ ខិតខំកែលម្អសោភ័ណភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើន និងបន្តបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិន ដើម្បីបង្កើតការងារជូនពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងមូល ដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព បន្តរៀបចំបណ្តាញអំពូលភ្លើងសាធារណៈ និងពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការរស់នៅ។ មួយវិញទៀត ត្រូវធ្វើឱ្យក្រុងដូនកែវ ក្លាយជាទីក្រុងដែលស្អាត និងមានភាពទាក់ទាញបំផុត ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អភិបាលក្រុងថ្មី ក្រុងដូនកែវ នឹងមានការប្រែប្រួលមុខមាត់ថ្មី កាន់តែស្រស់បំព្រង និងរីកចម្រើនលើគ្រប់វិស័យ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





Post a Comment