អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាសាលាខេត្តកំពង់ស្ពឺ។


សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងអនុវត្តយ៉ាងសកម្មតាមផែនការយុទ្ធសាស្ត្រ"នារីរតនៈ" ដែលជាសសរស្តម្ភទ្រទ្រង់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល តាមរយ:ការបន្តចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។


ទន្ទឹមនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីធានាថាពួកគេមិនត្រូវបានបោះបង់ចោលក្នុងសង្គមទំនើប។


ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរចំពោះ លោកជំទាវ ម៉េង វ៉ាន់ដានីន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស និង លោកស្រី គា សុភូ ជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តកំពង់ស្ពឺ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ





 

Powered by Blogger.