ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយកប្រតិបត្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត លោកនាយកប្រតិបត្តិក្រុមហ៊ុន KESS INNOVATION PLC ធនាគារដៃគូរ អង្គការនិងដៃគូរអភិវឌ្ឍន៍ ព្រមទាំងសមាជិក សមាជិការ សរុបប្រមាណ ២៥០រូបផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹក ដែលបានចូលរួមកម្មវិធីនាព្រឹកនេះដ៏មានសារៈសំខាន់។ ទទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូរអភិវឌ្ឍន៍ អង្គការសង្គមសុីវិលមន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់កិច្ចការគាំទ្រ ការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសដើម្បីធានាបានដល់ការសម្រេចបានទៅតាមគោលបំណងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់របស់សេវាសាធារណៈ ការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន ដើម្បីឆ្លើយតបទៅតាមតម្រូវការប្រជាពលរដ្ឋ ប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ណ្ណ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ពន្ធទាំងអស់ វិស័យឯកជន ដៃគូរពាក់ព័ន្ធទាំងអស់ បន្តសហការរួមគ្នាក្នុងការផ្ដល់ គាំទ្រឱ្យបានយ៉ាងសកម្មក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការផ្ដល់សេវានានា តាមរយៈច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យស្របតាមគុណឧត្តម និងឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ទទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅជូនចំពោះក្រុមហ៊ុន KESS INNOVATION PLC ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា និងវិស័យធនាគារ ដែលបានផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារបរិក្ខារ និងការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងមហាផ្ទៃ និងការនិងការធ្វើទំនើបកម្ម ផ្ដល់សេវានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្ដល់សេវារដ្ឋបាលតាមបណ្ដាក្រុង ស្រុក រាជធានី-ខេត្ត។
ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏សុំជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ក្នុងអង្គពិធីទាំងមូល ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ចាប់ពីពេលតទៅ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





Post a Comment