ឯកឧត្តម ឆែម សាវុធ ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងពន្ធនាគារ

ភ្នំពេញ ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ។


ការលើកឡើងរបស់ ឯកឧត្តម ឆែម សាវុធ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយករង និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។


ក្នុងកិច្ចប្រជុំ ឯកឧត្តម ឈន សាណាត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសុខភាព ការងារសំណង់ ការងារអប់រំកែប្រែ ការងារសន្តិសុខ និងស្តារនីតិសម្បទា និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។


មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖

១. ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ជាពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

២. ជំរុញលើកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ និងការរៀបចំបែងចែកការឃុំឃាំងតាមចំណាត់ថ្នាក់សន្តិសុខ ស្របតាមបែបបទ នីតិវិធី។ 

៣. ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន ក្របខណ្ឌ និងការបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។

៤. ត្រូវបន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។


ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ





 

Powered by Blogger.