នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។

លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ ហើយអ្វីដែលជោគជ័យខ្លាំងជាងគេ គឺសុខភាពរបស់ពលរដ្ឋកម្ពុជា តាមរយៈបាល់ទាត់»។
«ខ្ញុំឃើញកុមារលេងបាល់ទាត់ នៅគ្រប់ទីកន្លែង ខ្ញុំសប្បាយ ខ្ញុំគិតថានេះគឺជាជោគជ័យ ប៉ុន្ដែរឿងដែលធ្វើមិនទាន់បាន គឺយកពានរង្វាន់មួយមកឲ្យអ្នកគាំទ្រ។ នេះគឺជាបញ្ហាដែលត្រូវទាមទារឲ្យយើងត្រូវគិតទាំងអស់គ្នា ព្រោះការធ្វើបាល់ទាត់ ដើម្បីមិត្តភាព និងសុខភាព តែបាល់ទាត់ ក៏ត្រូវការឈ្នះដែរ ។ បើប្រកួតយើងមិនទទួលបានជ័យជម្នះ ជាពិសេសការប្រកួតលក្ខណៈអន្ដរជាតិ គឺអស់អ្នកឧបត្ថម្ភហើយ។ បើអត់អ្នកឧបត្ថម្ភ អត់ថវិកា បើអត់ថវិកា បាល់ទាត់ក៏មិនអាចអភិវឌ្ឍន៍បានដែរ»។
ទន្ទឹមជាមួយការទទួលបានសេចក្ដីទុកចិត្តពីគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិឆ្នាំ២០២៦-២០៣០ លោកបានដាក់ចេញនូវផែនការសំខាន់ៗជាច្រើន រាប់ពីការប្រកួតថ្នាក់ខេត្តឲ្យបានទៀងទាត់ រួមជាមួយគម្រោងបង្កើតសាលាមេត្ដេយ្យបាល់ទាត់ បន្ថែមលើគម្រោងសាលាបាល់ទាត់ ២៥រាជធានី-ខេត្ត និងសាលាបាល់ទាត់ជាតិបាទី ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កសាងក្រុមជម្រើសជាតិមួយដ៏ខ្លាំង ធ្វើការប្រកួតប្រជែងលើឆាកអន្ដរជាតិ។
សម្រាប់បេសកកម្មប្រកួតប្រជែងលើឆាកអន្ដរជាតិ សហព័ន្ធបានដាក់ចេញនូវផែនការចំនួន ៣ធំៗ ទី១-ការតាំងចិត្តនៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ ធ្វើយ៉ាងណាឲ្យក្រុមជម្រើសជាតិកម្ពុជា មានវត្តមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ថ្នាក់តំបន់អាស៊ាន។ ទី២-នៅចន្លោះឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ ត្រូវឆ្លងផុតវគ្គជម្រុះពានទ្វីបអាស៊ី និងទី៣-ការប្ដេជ្ញាចិត្តលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៤២ ឬឆ្នាំ២០៤៦ ជាដើម៕



Post a Comment