ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ១២៦អង្គ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ១២៦អង្គ នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីដ៏មានសិរីនេះផងដែរ មានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន មហាបរិស័ទ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលរួមប្រមាណជិត២ម៉ឺនអង្គ-នាក់។ 


ពិធីបុណ្យពិសាខបូជាគឺជាពិធីបុណ្យមួយដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាហើយត្រូវបានរដ្ឋបាលខេត្តផ្តួចផ្តើមប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជំរុញឱ្យមានការគោរពប្រតិបត្តិសាសនា និងការួបរួមសាសនាធ្វើយ៉ាងណាឱ្យអាណាចក្រ និងពុទ្ធចក្រមានការចុះសម្រុងគ្នាដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។


បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណ គោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជា មហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃ ព្រះសម្ពុទ្ធបរមគ្រូ៖១-ទ្រង់ប្រសូតចាកឧទរមាតា២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក។

វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែវិសាខនេះ ទុកជាពិធី ធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង





 

Powered by Blogger.