រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអភិសេក បើកព្រះនេត្រនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអភិសេក បើកព្រះនេត្រនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួត ផន ធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ លេីផ្លូវជាតិលេខ៧ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បីឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឱ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ។
សូមជម្រាបដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥.៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





Post a Comment