ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពិសាខបូជា ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពិសាខបូជា ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទីសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទ និស្សិត យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃពិធីបុណ្យដ៏មហានក្ខត្តឫក្ស និងសេចក្ដីរីករាយជ្រះថ្លានេះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ពិធីបុណ្យពិសាខបូជាគឺជាពិធីបុណ្យមួយដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាហើយត្រូវបានរដ្ឋបាលខេត្តសហការជាមួយសាលាគណប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។
ឯកឧត្តម គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជំរុញឱ្យមានការគោរពប្រតិបត្តិសាសនា និងការួបរួមសាសនាធ្វើយ៉ាងណាឱ្យអាណាចក្រ និងពុទ្ធចក្រមានការចុះសម្រុងគ្នាដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យពិសាខបូជានាព្រឹកនេះក៏មានការដង្ហែក្បួនថ្មើរជើងដ៏អធិកអធម និងរាប់បាត្រព្រះសង្ឃ១០៦៨អង្គផងដែរ។
សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





Post a Comment