អភិបាលខេត្តតាកែវ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៧៥គ្រួសារ នៅស្រុកត្រាំកក់

តាកែវ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សុខ កែវ ច័ន្ទសារុន រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្រ្តីប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៧៥គ្រួសារ  មានចំនួន ២ឃុំ ក្នុងនោះឃុំតាភេម ចំនួន៧១ គ្រួសារ និងឃុំត្រពាំងធំខាងត្បូង ចំនួន ៤គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជានិច្ចអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។


ជាមួយគ្នានោះឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋថា ប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ និងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានការងារធ្វើ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។


សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំ ១ប្រអប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





 

Powered by Blogger.