ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២និងការបើកគម្រោងថ្មីដំណាក់កាលទី៣គាំទ្រហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ុស៊ិ (UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តាមរយៈរបាយការណ៍ស្វាគមន៍ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដោះមីនដទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសក្នុងភូមិសាស្ត្រទឹកដីនៃខេត្តបាត់ដំបង រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ដទៃទៀតបានជួយបោសសម្អាតមីន និងធ្វើការអភិវឌ្ឍយ៉ាងសកម្មបំផុតតាមបណ្តាស្រុកមួយចំនួនដូចជា៖ ស្រុករតនមណ្ឌល ស្រុកបវេល ស្រុកបាណន់ ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគិរីជាដើម ដែលទទួលការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានធ្វើការប្រែមុខមាត់ថ្មីដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរទ្វេឡើងក្នុងការសាងសង់លំនៅដ្ឋាន និងការពង្រីកដីសម្រាប់ធ្វើកសិកម្ម ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាការកសាងសាលារៀន ផ្លូវថ្នល់ ជីកស្រះ អណ្តូងទឹក និងប្រព័ន្ធប្រឡាយទឹកជាដើម ដែលសមិទ្ធផលទាំងអស់នេះជាមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋខេត្តបាត់ដំបង។
ក្នុងនាមប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបងទាំងមូល ឯកឧត្តម សុខ លូ បានសម្ដែងការកោតសសើរដល់វីរភាពដ៏អង់អាចក្លាហាន និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឯកទេសបោសសម្អាតមីន ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់និងដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសរាជរដ្ឋាភិបាលដែលមានឆន្ទៈមោះមុតក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងខេត្តបាត់ដំបងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅតាមទីជនបទនៅតំបន់ដែលបានបោសសម្អាតមីនរួច៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





Post a Comment