អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។


ការអំពានាវនេះធ្វេីឡេីងនៅឱកាសឯកឧត្តម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។


សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយជិះជុំវិញក្រុងសិរីសោភ័ណ ដើម្បីកៀគរថវិកាចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិ គន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាព ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។


ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញាវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

Powered by Blogger.