អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដីឱ្យបានល្អប្រសើរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដី ឱ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។


ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្រេចកែសម្រួលសមាសភាពក្រុមការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ សូមបន្តចុះធ្វើរដ្ឋបាលចំហរឱ្យបានជាប់ជាប្រចាំ និងតឹងរឹងបំផុត។ ក្នុងនោះ ត្រូវជម្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។


ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ ដោយបានប្តេជ្ញា បោសសំអាត និងទប់ស្កាត់ (Scam online) កុំឱ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕






 

Powered by Blogger.