រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់មត្តេយ្យសិក្សាស្ដង់ដារ ១ ខ្នង ស្មើនឹង ៤ បន្ទប់ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត្រ ទទឹង ១១,២ម៉ែត្រ កំពស់ ៤,១ម៉ែត្រ ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសាខាកាកបាទក្រហមកម្ពុជាគណៈកម្មាធិការសាខាខេត្ត ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្ដាល មន្ត្រីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមឃុំ គណៈកម្មការសាលា នាយក លោកគ្រូ-អ្នកគ្រូ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ ក្រុមម៉ៅការសំណង់​ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។


ចំពោះពិធីបញ្ចុះបឋមសិលា សាងសង់អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា គឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១ ។ ដែលនៅក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង




 

Powered by Blogger.