អភិបាលខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តគាំទ្រវិស័យសាសនា ដើម្បីពង្រឹងសន្តិភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សង្គម

តាកែវ៖ ក្នុងពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ទូទាំងខេត្តតាកែវ នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅវត្តសីហរតនារាម ក្រុងដូនកែវ ក្រោមព្រះវត្តមាន សម្តេចព្រះឧត្តមបញ្ញា បណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរៈសភានៃព្រះពុទ្ធសាសនា និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវិស័យសាសនា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាល កសាងនូវសន្តិភាពផ្លូវចិត្ត ជូនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម ជាតិ។


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត តាកែវ តែងតែតម្កល់វិស័យសាសនា ជាអាទិភាពចម្បង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «ពុទ្ធចក្រ និងអាណាចក្រ គឺជាកម្លាំងដែលមិនអាចខ្វះបាន ហើយត្រូវតែដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការរីកចម្រើនទាំងផ្នែកស្មារតី និងសម្ភារៈ»។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានដាក់ ចេញនូវសេចក្តីណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបន្តសហការជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលដល់គណៈសង្ឃក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព្រះធម៌។ ប្រើប្រាស់វេទិកាសាសនា ជាពិសេសកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពុទ្ធ បរិស័ទ និងផ្តោតលើការអប់រំអំពី ផលប៉ះពាល់នៃគ្រឿងញៀន និងការ គោរពច្បាប់ចរាចរណ៍ ដែលជាបញ្ហាប្រឈមចំពោះមុខ។


ឯកឧត្តម ជឿជាក់ថា កាលណាប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់តាមរយៈការអប់រំផ្នែកសាសនា វានឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកាត់បន្ថយបទល្មើសផ្សេងៗ និងបង្កើននូវសីលធម៌រស់នៅ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយឱ្យខេត្តតាកែវ មានសណ្តាប់ធ្នាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែ





 

Powered by Blogger.