ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិកាប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ លោកអគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន- អនុប្រធានមន្ទីរាជធានី-ខេត្ត ប្រធានការិយាល័យ និងមន្ត្រី សរុបចំនួន ២៤០នាក់ ស្រី៣៥នាក់ ។
ការផ្សព្វផ្សាយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យ បានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាព ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់នូវគ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ ការឆ្លងរាលដាលនៃជំងឺកាចសហាវផ្សេងៗនៅគ្រប់កាលៈទេសៈ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្ត«គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»បានប្រគល់សៀវភៅណែនាំ (ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព )ចំនួន១០០ក្បាល ដល់ក្រសួងផងដែរ ។





Post a Comment