រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន នៃក្របខណ្ឌ ក្រសួងមហាផ្ទៃ នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ធូ ចាន់ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួម ពីលោកឧត្តម សេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគបាលខេត្ត កំលាំងកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៦ នគរបាលប៉ុស្តិ៍ និងមេឃុំ ចៅសង្កាត់ទាំង៣៤។
លោក ធូ ចាន់ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ន គឺទាមទារឱ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបន្តរៀបចំ និងពង្រឹងនូវយន្តការសម្រាប់ការ ឆ្លើយតបនិងដោះស្រាយបញ្ហានេះនៅក្នុងមូលដ្ឋាននីមួយៗបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធ ភាពថែមទៀត ទាំងលើការអនុវត្តច្បាប់ អប់រំបង្ការ ស្តារនីតិសម្បទា និងសមាហរណកម្មជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកពីតួនាទីរបស់តួអង្គនីមួយៗ សំដៅពង្រឹងបាននូវប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននៅសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋរបស់យើង ចៀសផុតបានពីផលវិបាកបញ្ហានានា ដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន។
នៅក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកនូវប្រសាសន៍ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង





Post a Comment