រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្ត ប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យ ស័ក្តិសម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជនកម្ពុជា។


ថ្លែងនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អតីតយុទ្ធជន និងនិវត្តជនមិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបានផ្តល់នូវផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។


លោកជំទាវ ក៏បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ ហើយដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជន រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។


លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រារព្ធខួបទិវា«អតីតយុទ្ធជន និងនិវត្តជន កម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដោយធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជាព្រមទាំងបំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងសេចក្តីថ្លៃថ្នូរ៕


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន





 

Powered by Blogger.