ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាប បទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាប បទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះបានល្អប្រសើរ។
ការកោតសរសើរបែបនេះរបស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ខណៈឯកឧត្ដមនិងឯកឧត្ដម ឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍ទៀតថា៖ ក្នុងខែមេសាកន្លងមកនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អប្រសើរទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រទៅលេងស្រុកកំណើត ការបង្ក្រាបបទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញ បានល្អប្រសើរ។
បន្ថែមពីនេះទៀត ក្នុងឱកាសនោះដែរ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការកោតសរសើរ ចំពោះការអនុវត្តការងាររបស់អាជ្ញាធររាជធានីនិងបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ កែសម្រួលភ្លើងចរាចរណ៍ និងដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្ដម ឯក ឃុនដឿន ក្នុងឱកាសនោះបានមានប្រសាសន៌ថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើគឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនកាន់តែល្អថែមទៀត។ដោយឡែកចំពោះ ការស្នើឱ្យដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ អាជ្ញាធររាជធានីភ្នំពេញនឹងឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចុះពិនិត្យនិងដាក់ចំណាំងផ្លាតទាំងនេះ ជាមួយនឹងការកែសម្រួលភ្លើងចរាចរណ៍នៅតាមបណ្តាផ្លូវធំៗមួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ






Post a Comment