ថ្នាក់ដឹកនាំនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យវិជ្ជាជីវៈលោហៈ ធាតុគុនមីងនៃសាធារណរដ្ឋប្រជាមានិតចិន
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក គង់ ចាន់ថន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យវិជ្ជាជីវៈលោហៈធាតុគុនមីន ដឹកនាំដោយលោកសាស្រ្តាចារ្យ លីវ យ៉ាពឹង (Liu Ya Bin) អនុប្រធាននៃសាកលវិទ្យាល័យលោហធាតុគុនមីង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអង្គភាពទាំងពីរសរុបចំនួន២១រូប (ស្រី៥រូប)។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន និងប្រតិភូសាកលវិទ្យាល័យវិជ្ជាជីវៈលោហៈធាតុគុនមីងបានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកអំពីរចនាសម្ព័ន្ធ បេសកកម្ម និងតួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗ ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចពិនិត្យលទ្ធភាពកិច្នសហប្រតិបត្តិការ ជាពិសេសក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការសិក្សាស្រាវជ្រាវរួមគ្នា។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួន ហើយបានចាត់តាំងមន្ត្រីបង្គោលដើម្បីបន្តជជែកពិភាក្សាលម្អិតជាបន្តបន្ទាប់ទៀត។
ភាគីទាំងពីរចាត់ទុកជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះគឺជាជំហានថ្មីមួយទៀតក្នុងការចូលរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក៏ដូចអង្គភាពទាំងពីរ សាលាជាតិរដ្ឋបាលមូលដ្ឋាន-សាកលវិទ្យាល័យវិជ្ជាជីវៈលោហៈធាតុគុនមីងនៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ សំដៅសម្រេចបានសមិទ្ធផលថ្មីជាបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ប្រភព៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន





Post a Comment